សម្តេចតេជោ ហ៊ុន សែន៖ ត្រូវទប់ស្កាត់ការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ មុននឹងស្ថានការណ៍ប្រែក្លាយទៅជាសង្គ្រាមពិតប្រាកដ
នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពីស្ថានភាពចុងក្រោយនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា សង្គ្រាមនៅតំបន់នេះកំពុងផ្លាស់ប្តូរពីសង្គ្រាមប្រើអាវុធធំៗ មកជាសង្គ្រាមប្រើ ជំពាមកៅស៊ូ បាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក ដែលអាចបណ្តាលឲ្យស្ថានភាពព្រួយបារម្ភជាងមុន ប្រសិនបើមិនទប់ស្កាត់ទាន់ពេលវេលា។
សម្តេចបានបញ្ជាក់ថា៖តាមពិតខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយ ខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធ មកជាសង្រ្គាមប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក។”
សម្តេចបានថ្លែងថា ទោះបីបញ្ហានេះតូចមើលទៅដូចជារឿងកំប្លែងក៏ដោយ ក៏វាអាចជារឿងធំ ប្រសិនបើស្ថានការណ៍បន្តបែបនេះ នឹងនាំឲ្យមានការប្រើប្រាស់អាវុធគ្រប់ប្រភេទវិញ ហើយអាចបំផ្លាញទៅលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ បានពិភាក្សាសម្របសម្រួលជាមួយនឹងនាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងការចូលរួមពីចិន និងសហរដ្ឋអាមេរិក។
សម្តេចបានបញ្ជាក់ថា៖សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឲ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់។សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឲ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំសូមភ្ជាប់ទៅជាមួយនេះ។







