ចេញផ្សាយថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦
ឆ្មក់បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រពន្ធបច្ចេកវិទ្យា ៤ទីតាំង ឃាត់ខ្លួនជនជាតិបរទេស ជាង៥០នាក់
ភ្នំពេញ ៖ បង្ក្រាបជាបន្តបន្ទាប់ ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស ឆបោកតាមប្រពន្ធបច្ចេកវិទ្យា (អនឡាញស្កេម) ចំនួន៤ទីតាំង នៅចំណុចបុរីមួយកន្លែង ក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនជាតិបរទេសសរុបចំនួន ៥៤នាក់ ព្រមទាំងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តផ្ទាល់ក្រោមការដឹកនាំកម្លាំងចុះបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ និងនាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រតិបត្តិការ បានចុះត្រួតពិនិត្យរកឃើញជនបរទេសសរុបចំនួន ៥៤នាក់។ នៅក្នុងនោះ ចំនួន៣៩ នាក់ (ស្រី ០៤នាក់) មាន៣សញ្ជាតិ (ចិន, ឡាវ និងវៀតណាម) ជាមុខសញ្ញាប្រព្រឹត្ត Online Scams និងចំនួន ១៥នាក់ ទាក់ទងនឹងការរស់នៅខុសច្បាប់ គ្មានលិខិតឆ្លងដែន៕
Tags:
ព័ត៌មានជាតិ







