រាជធានីភំ្នពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សម សម្បត្តិ ប្រធានលេខាធិការដ្ឋាន នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ វរសេនីយ៍ នាយករងមន្ទីរ នាយការិយាល័យទាំង១១ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ និងបទបញ្ជា០១ បប គឺជាត្រីវិស័យចង្អុលទិស ក្នុងការចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា និងគោលការណ៍ចង្អុលដឹកនាំដ៏មុតស្រួច និងមានភាពបត់បែនរស់រវើករបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការអនុវត្តនូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងអនុវត្តភារកិច្ចស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានរៀបចំផែនការសកម្មភាព និងកម្មវិធីការងារច្បាស់លាស់ ជាពិសេសការបើកប្រតិបត្តិការប្រកបដោយស្មារតី ទទួលខុសត្រូវ និងឆន្ទៈមោះមុតរបស់កងកម្លាំងអនុវត្តច្បាប់ពាក់ព័ន្ធ ជំរុញសកម្មភាព បោសសម្អាតការប្រើប្រាស់គ្រឿងញៀន និងឈានទៅលុបបំបាត់ទីផ្សារគ្រឿងញៀនក្នុងផ្ទៃប្រទេស តាមគោលការណ៍ «សម្អាតចកចេញពីផ្ទៃបឹង និងរក្សាផ្ទៃបឹងឱ្យថ្លាជាប្រចាំ» ក្នុងការបោសសម្អាតបទល្មើសគ្រឿងញៀននៅកម្ពុជា។
ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ជំរុញដល់មន្ត្រីអនុវត្តច្បាប់ ឱ្យគោរពនូវក្រម សីលធម៌ និងមនសិកា វិជ្ជាជីវៈ គោរពច្បាប់ បទបញ្ញត្តិ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាល៕
Tags:
គ្រឿងញៀន








